គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ល្បែងប្រជាប្រិយ របាំ ចាប៉ី ដើម្បីទទួលទេវតាឆ្នាំថ្មី

កាលបរិច្ឆេទ: ១០ ឧសភា ២០២៤ / ជិវិត និងសង្គម / Author : ATH Sokren

មុនចូលឆ្នាំមួយថ្ងៃ បុគ្គលិកក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេលទាំងអស់បានជួបជុំគ្នានៅលើដំបូលរោងចក្រខនហ្វីរេលដើម្បីប្រារព្ធកម្មវិធីបុណ្យចូលឆ្នាំក្រោមវត្តមានរបស់លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន-សហគ្រាស ជាមួយនឹងក្រុមគ្រួសាររបស់លោក។

កម្មវិធីពេលព្រឹកគឺមានល្បែងប្រជាប្រិយដែលបង្កបរិយាកាសយ៉ាងសប្បាយរីករាយ។ ថ្ងៃរសៀលមានពិធីបែប​សាសនា សូត្រមន្តប្រោះព្រំ បន្ទាប់មក​មានរំបាំប្រពៃណីខ្មែរ ជាពិសេសរបាំត្រុដិ និងចាប៉ីកំដរកម្មវិធី។

ក្នុងឱកាសនោះ លោកឧកញ៉ាឱសថបណ្ឌិត មានប្រសាសន៍សម្តែងក្តីសោមនស្សយ៉ាងដូច្នេះ៖ «ឆ្នាំនេះ នៅក្នុងកម្មវិធីបុណ្យចូលឆ្នាំខ្មែររបស់យើងមានបន្ថែមការលេងល្បែងប្រជាប្រិយជាច្រើន ហើយវាជារឿងដ៏ល្អ ព្រោះយើងទាំងអស់គ្នាមានកាតព្វកិច្ចអភិរក្សវប្បធម៌ខ្មែរ ដែលនាំឲ្យយើងបានកម្សាន្តសប្បាយរីករាយជាមួយគ្នា»។ លោកបានបន្តទៀតថា៖ «យើងបានជួបជុំគ្នាសប្បាយរីករាយនៅថ្ងៃនេះក៏ព្រោះតែពេញមួយឆ្នាំមកនេះ ម្នាក់ៗ បានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិយើង ចូលរួមធ្វើឲ្យក្រុមហ៊ុនសហគ្រាសមានការរីកចម្រើន និងនាំមកនូវជីវភាពល្អប្រសើរដល់ក្រុមគ្រួសាររបស់យើង»។ លោកឧកញ៉ាក៏បានជូនពរដល់បុគ្គលិកទាំងអស់ឲ្យធ្វើដំណើរត្រឡប់ទៅស្រុកកំណើតប្រកបដោយសុវត្ថិភាព ដើម្បីទៅទទួលទេវតាឆ្នាំថ្មី ឆ្នាំរោងជាមួយក្រុមគ្រួសារ។

ខុសប្លែកពីឆ្នាំមុនៗ នៅតាមបណ្តាខេត្តក្រុងទាំងអស់ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំនេះមានអ្នកចូលរួមយ៉ាងច្រើនកុះករ។ បើតាមតួលេខជាផ្លូវការ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ មេសា មនុស្សប្រមាណជាង១៣លាននាក់ ក្នុងនោះមានភ្ញៀវបរទេសចំនួន៨ម៉ឺននាក់ បានធ្វើដំណើរទៅគ្រប់ទីកន្លែងនៅទូទាំងប្រទេសដើម្បីចូលរួមកម្មវិធីផ្សេងៗ។ ក្នុងចំណោមខេត្តក្រុងទាំងអស់ ខេត្តកំពង់ចាមទទួលបានអ្នកទៅទស្សនាច្រើនជាងគេ ពោលគឺទាំងទេសចរក្នុងស្រុក និងបរទេសមានចំនួនជាង៣លាន៤សែននាក់។ បន្ទាប់មកគឺខេត្តកំពង់ស្ពឺដែលមានភ្ញៀវសរុបជាង១លាន២សែននាក់ និងខេត្តបាត់ដំបងមានភ្ញៀវប្រមាណ១លាន១សែននាក់៕